រឿង សុវណ្ណវង្ស
កាលពីយូរលង់ណាស់មកហើយ មានក្សត្រមួយអង្គព្រះនាម មហាវង្សរាជ គ្រង រាជសម្បត្តិនៅវិជ័យនគរ។ ព្រះអង្គមានព្រះអគ្គមហេសីព្រះនាម សុវណ្ណវង្សា។ ព្រះអនុជជាឧបរាជព្រះនាម ចិត្តវង្ស មហេសីព្រះនាម សុមន្ទា ទ្រង់មានព្រះរាជ ធីតាមួយអង្គព្រះនាម សុចិត្រា។ ចំណេរតមកព្រះនាង សុល្លាវង្សា បានតាំងចិត្ត អធិដ្ឋានប្រាថ្នាសុំព្រះរាជបុត្រ។ ព្រះនាងតែងតែរក្សានិច្ចសីលឧបោសថសីលជា និរន្តរ៍។ ដោយសេចក្ដីអញ្ជើញនៃព្រះឥន្ទ្រាធិរាជ ទើបទេវបុត្តពោធិសត្វបានច្យុតិ មកចាប់បដិសន្ធិក្នុងព្រះឧទរនៃព្រះនាង។ លុះគ្រប់ទសមាសព្រះនាងក៏ប្រសូត ព្រះរាជបុត្រមួយអង្គថ្វាយព្រះនាមថា ចៅសុវណ្ណវង្សកុមារ។
លុះព្រះរាជកុមារចំរើនវ័យធំឡើង ទ្រង់បានសិក្សាសិល្ប៍សាស្ត្រចេះចប់សព្វគ្រប់ ទ្រង់មានចរិយាល្អប្រពៃជាទីសព្វព្រះរាជហរទ័យណាស់។ ចំណេរតមកព្រះវរបិតា ក៏សោយទីវង្គតទៅ។ ក្រោយពេលបូជាព្រះសពរួចរាល់ហើយ ប្រជារាស្ត្រ និង ពួកមន្ត្រីមានព្រាហ្មណ៍បុរោហិតទូលអញ្ជើញព្រះរាជកុមារ ឱ្យឡើងគ្រងរាជ សម្បត្តិជំនួសព្រះបិតា ប៉ុន្តែទ្រង់មិនព្រមទទួលភារៈនេះទេ ទ្រង់សូមឱ្យគេថ្វាយ ទៅព្រះបិតុលាវិញ។ បន្ទាប់ពីព្រះបាទ ចិត្តវង្ស ឡើងគ្រងរាជ្យមក ទ្រង់មិនបាន ប្រព្រឹត្តឱ្យត្រឹមត្រូវតាមគន្លងប្រពៃណីឡើយ។ ចំណែក សុវណ្ណវង្ស ព្រះបិតុលា បានប្រទានតំណែងជាឧបរាជដល់ទ្រង់។ ចំណេរកាលតមក ព្រះសុវណ្ណវង្ស ឧបរាជទូលលាព្រះបិតុលាទៅប្រពាតព្រៃដើម្បីរកមង្គលហត្ថី។ តែការស្វែងរក នេះពុំបានសម្រេចឡើយ ទ្រង់បានចាត់អាមាត្យឱ្យធ្វើព្រះពន្លាកាក់ប្រថាប់ក្នុងព្រៃ អស់កំឡុងជាច្រើនខែ។
គ្រានោះ នៅអរិដ្ឋនគរមានព្រះរាជាមួយអង្គព្រះនាម យសរាជ។ មានព្រះរាជ ធីតាព្រះនាម ឯកបុរណី មានព្រះជន្ម១៦ព្រះវស្សាប្រកបដោយរូបសម្បត្តិដ៏ឧត្តម ថ្លៃថ្លា មានព្រះឆវីវណ្ណស្រស់អស្ចារ្យ។ ថ្ងៃមួយព្រះនាងគាល់បំរើព្រះបិតាជាមួយ នឹងពួកភីលៀងត្រាតែជិតភ្លឺ ទើបព្រះនាងត្រឡប់មកប្រាសាទវិញ ហើយផ្ទំលក់ ដរាបដល់ព្រះអាទិត្យរះនៅតែមិនទាន់តើនពីផ្ទំ។ រីឯពួកស្រីភីលៀងក៏ដេកលក់ ស្កប់ស្កល់ទាំងអស់គ្នាដែរ។ ជួនជាថ្ងៃនោះព្រះរាជាសោយសុរាស្រវឹងខ្លាំងពេក ទ្រង់មិនបានឃើញព្រះរាជធីតាចូលគាល់ ទ្រង់ខ្ញាល់ខ្លាំងណាស់ក៏យាងទៅ ប្រាសាទបុត្រី។ ទ្រង់ទតឃើញស្រីភីលៀងដេកលក់ដល់ថ្ងៃរះដូច្នេះ ក៏ទ្រង់ជេរ ផ្តាសាខ្លាំងៗ។ ពួកស្រីភីលៀងភ្ញាក់ឡើងនាំគ្នារត់ពួនអស់ ហើយស្តេចយាងចូល ទៅកាឡាបន្ទំបុត្រី។ ព្រះរាជធីតាតើនឡើងថ្វាយបង្គំសុំទោសព្រះបិតា។ តែ ដោយទ្រង់ស្រវឹងខ្លាំងពេក ទ្រង់ក៏ប្រហារបុត្រីដោយព្រះបាទ ហើយស្តីបន្ទោសជា ច្រើនប្រការ។
2
រីឯព្រះរាជធីតាមានសេចក្តីអៀនខ្មាសយ៉ាងខ្លាំង ព្រះនាងមិនចង់ទទួលការឈឺ ចាប់ពីព្រះបិតាទៀតទេ ក៏ទ្រង់ភៀសព្រះកាយចូលក្នុងព្រៃឱ្យក្ស័យព្រះជន្ម។ ព្រះនាងយាងទៅឥតមានទិសដៅអស់កំឡុងយូរថ្ងៃទើបបានទៅដល់អាស្រម តាបស ហើយស្នាក់នៅទីនោះអស់កំឡុងមួយឆ្នាំក៏ទ្រង់មានព្រះតំរិះយល់ឃើញថា “រូបខ្ញុំជាស្រីរស់នៅក្នុងព្រៃដូច្នេះមិនល្អទេ” ក៏នមស្សការលាតាបសត្រឡប់ទៅ នៅក្នុងសង្គមមនុស្សវិញ។ តាបសគិតថា “ធម្មតាស្ត្រីដើរក្នុងព្រៃតែម្នាក់ឯង តែង ជួបនឹងគ្រោះថ្នាក់ផ្សេងៗ បើដូច្នេះអាត្មាអញឱ្យព្រះខ័នទិព្វ និងមន្តចិន្តាមណីដល់ ព្រះនាងចុះ”។ ព្រះរាជធីតាក្រោយដែលបានទទួលរបស់វិសេសទាំងពីរយ៉ាង នោះហើយក៏លាលោកតាចេញទៅ។ ព្រះនាងយាងកាត់ព្រៃភ្នំដ៏ធំធេង ហើយ គង់សម្រាកព្រះកាយនៅក្រោមម្លប់ឈើមួយដើម។ គ្រានោះ មានបងប្អូនយក្ស ពីរនាក់បានឃើញព្រះរាជធីតាកំពុងផ្ទំ យក្សបងចង់ចាប់ព្រះនាងស៊ីជាអាហារ។ ឯយក្សប្អូនពេញចិត្តនឹងនាងណាស់ វាចង់បាននាងធ្វើជាប្រពន្ធរបស់វា ហើយ នាំគ្នាស្ទុះចូលទៅប្រុងនឹងចាប់ទ្រង់ តែព្រះនាងដឹងខ្លួនទាន់ក៏ចាប់ព្រះខ័នទិព្វ គ្រវីឡើងដោយឫទ្ធិចិស្តា។ យក្សបងត្រូវស្លាប់ ឯយក្សប្អូនរត់ចូលព្រៃបាត់។
ព្រះនាងត្រាច់ទៅក្នុងព្រៃព្រឹក្សាបានសេចក្តីសុខសប្បាយឥតមានឧបសគ្គអ្វី ឡើយ ដរាបទៅដល់ដែនដីវិជ័យនគរ។ កាលណោះរុក្ខទេវតានៅក្នុងព្រៃបាន ឃើញព្រះនាងប្រកបដោយបុញ្ញលក្ខណៈថ្លៃថ្លាសមជាគូនៃ ព្រះសុវណ្ណវង្ស ដែល មកប្រថាប់ក្នុងព្រៃដើម្បីស្វែងរកដំរីមង្គល ទើបកាឡាអាត្មាជារមាំងមាសមួយ បោលកាត់មុខពន្លាកាក់របស់ព្រះអង្គ។ គ្រាន់តែទ្រង់ទតឃើញរមាំងមាសភ្លាម ក៏ឡើងគង់លើពាជីដេញតាមរមាំងមាសៗបោលទៅដល់ព្រះនាងក៏រលាយខ្លួនបាត់ ទៅ។ ព្រះសុវណ្ណវង្ស ទ្រង់ទតឃើញព្រះរាជកញ្ញាក៏ចាប់ព្រះទ័យស្នេហាណាស់ ទើបទ្រង់យាងចូលទៅសួរសុខទុក្ខ។ ក្សត្រាក្សត្រីទាំងពីរអង្គក្រោយដែលបាន សាកសួរពីជីវប្រវត្តិរៀងខ្លួនហើយ ក៏កើតសេចក្តីស្នេហាទៅវិញទៅមក។ ព្រះសុវណ្ណវង្ស អញ្ជើញព្រះនាងឱ្យឡើងគង់លើពាជីជាមួយនឹងទ្រង់ ហែហម ដោយរាជបរិពារត្រលប់ចូលព្រះរាជវាំងវិញ។ ក្សត្រាក្សត្រីចូលទៅក្រាបថ្វាយ បង្គំព្រះវរមាតា ហើយលើកព្រះនាងជាអគ្គមហេសីរបស់ទ្រង់។
ថ្លែងពីព្រះបាទ យសរាជ បន្ទាប់ពីទ្រង់ស្វាងសុរាហើយក៏ត្រាស់បង្គាប់ភីលៀង ឱ្យទៅហៅព្រះរាជធីតាចូលគាល់។ ពួកភីលៀងនាំគ្នារកព្រះនាងសព្វទីកន្លែងតែ រកពុំឃើញសោះ ទើបនាំគ្នាយំសោកចូលទៅក្រាបទូលព្រះរាជាតាមដំណើរ។ និយាយពីព្រះបាទ ចិត្តវង្សរាជ វិញ គ្រាន់តែទ្រង់ទតឃើញព្រះនាង ឯកបុរណី ភ្លាមក៏សព្វព្រះរាជហឫទ័យនឹងព្រះនាងណាស់ ទើបត្រាស់ហៅឧបរាជ សុវណ្ណវង្ស ចូលគាល់ហើយត្រាស់ថា “នែ សុវណ្ណវង្ស ចូរឯងឱ្យ ឯកបុរណី មកមាៗនឹង ប្រទាន សុចិត្រា ទៅក្មួយវិញ”។ ព្រះឧបរាជទូលថា “សូមទ្រង់មេត្តាប្រោស ធ្វើ ដូច្នេះមិនសមគួរទេ”។ ព្រះរាជាក៏ទ្រង់ស្ងៀម។ ចំណេរតមក ដោយភ្លើងតុណ្ហា ពុះកញ្ជ្រោល ព្រះរាជាក៏រិះរកមធ្យោបាយដើម្បីកំចាត់ឧបរាជចេញ ដោយទ្រង់ ត្រាស់ថា “សុវណ្ណវង្ស ឥឡូវទេវតារក្សាព្រះនគរបានប្រាប់យើងថា លោកខ្ញាល់ នឹងឯងណាស់ នឹងធ្វើឱ្យ សុចិត្រា មានជម្ងឺ។ លុះត្រាតែបានផ្កាកុមុទនៅឋាន ភុជង្គនាគមកបូជាលោក ទើបលោកឱ្យក្តីសុខដល់នាង។ បើមិនដូច្នោះទេព្រះធីតា មុខជាស្លាប់ ដូច្នេះ ចូរឯងទៅរកផ្កាកុមុទមកបូជាទេវតារក្សាព្រះនគរទើបបាន”។
3
ព្រះសុវណ្ណវង្សបានស្តាប់ព្រះឱង្ការស្ដេចមាហើយក៏ជ្រាបថា ស្តេចមាធ្វើឧបាយកល ដើម្បីចង់បានព្រះជាយារបស់ទ្រង់ ទើបទ្រង់ទូលព្រះរាជាវិញថា “ទូលព្រះ បង្គំសុំឱ្យទ្រង់រង់ចាំយ៉ាងយូរ៧ខែនឹងយកផ្កាកុមុទនៅឋានភុជង្គនាគមកថ្វាយ ព្រះអង្គ” ទូលហើយទ្រង់យាងទៅប្រាសាទរបស់ទ្រង់ត្រាស់ប្រាប់ពិតមាននេះដល់ ព្រះមហេសី ហើយទ្រង់ក្រាបថ្វាយបង្គំលាព្រះមាតាៗបានជ្រាបរឿងនេះ ក៏ខ្ញាល់ នឹងព្រះអនុជ ទើបទ្រង់ប្រសិទ្ធិពរជ័យដល់ព្រះរាជបុត្រ។ ឯព្រះនាង ឯកបុរណី បាន ថ្វាយព្រះខ័នទិព្វដល់ព្រះស្វាមីសម្រាប់បង្ការសត្រូវផ្សេងៗ។
គ្រានោះព្រះនាង ឯកបុរណី ទ្រង់ព្រះគភ៌បានប្រាំខែទៅហើយ។ ព្រះសុវណ្ណវង្ស ទូលព្រះវរមាតាសូមឱ្យលោកជួយថែរក្សាព្រះជាយារបស់ទ្រង់ផង។ ព្រះសុវណ្ណវង្ស ចេញពីព្រះនគរយាងចូលព្រៃហិមពាន្តមានអាមាត្យ និងមន្ត្រីជាច្រើនហែហម ទៅដល់ព្រៃធំធេង ទ្រង់ក៏បញ្ជាឱ្យពួកគេទាំងអស់ត្រលប់ទៅនគរវិញ ដោយ ទ្រង់យាងទៅតែអង្គឯងប៉ុណ្ណោះ។
ព្រះសុវណ្ណវង្ស ត្រាច់រង្គាត់ក្នុងព្រៃអស់កំឡុងមួយខែ ទើបបានទៅដល់នគរមួយ ទ្រង់ទតឃើញគេហដ្ឋានរានផ្សារមានទ្រព្យធនមាសប្រាក់ពេជ្រនិលចិន្តាផ្សេងៗ ប៉ុន្តែគ្មានមនុស្សឬសត្វរស់នៅឡើយ។ ទ្រង់យាងចូលទៅក្នុងប្រាសាទដំណាក់នានា រហូតដល់ល្វែងកាឡាបន្ទំ។ ទ្រង់ពិនិត្យឃើញគន្លឹះទ្វារយន្តបិទបើកបានក៏ទ្រង់ ទាញគន្លឹះឡើង ក៏ស្រាប់តែទតឃើញកញ្ញាម្នាក់មានរូបឆោមល្អឯក ទើបទ្រង់ មានបន្ទូលសួរថា “សួស្តីអ្នកនាង ! ហេតុអ្វីបានជានាងនៅតែម្នាក់ឯងដូច្នេះ?” ព្រះនាងឃើញទ្រង់ក៏ចេញមកថ្វាយបង្គំហើយទូលថា “បពិត្រក្សត្រថ្លៃ ខ្ញុំម្ចាស់ ព្រះនាម សុវណ្ណបញ្ហាទេវី នៅក្នុងនគរនេះមានស្រីអារក្សទឹកមួយអាស្រ័យនៅ ដើមឡើយវានៅឯស្រះបោក្ខរណីមួយក្នុងព្រៃហិមពាន្ត បើមានមនុស្ស សត្វចុះទៅងូតទឹកឬផឹក វាចាប់ស៊ីមិនរួចជីវិតឡើយ។
សម័យមួយព្រះអយ្យកោរបស់ខ្ញុំម្ចាស់បានគ្រងរាជ្យនៅនគរនេះ ស្តេចចេញ ទៅប្រពាតព្រៃដើម្បីបរបាញ់ម្រឹគ។ ទ្រង់បានគង់លើពាជីដេញតាមម្រឹគៗបោល ទៅហើយបាត់រូបនៅក្បែរស្រះបោក្ខរណីដោយគ្មានសេនាណាម្នាក់តាមទ្រង់ទាន់ ឡើយ ហើយស្ដេចចុះស្រង់សោយវារីក្នុងទីស្រះនោះ។ ព្រះនាងបន្តទៀតថា “ស្រីអារក្សទឹកបានចាប់ទ្រង់បម្រុងនឹងស៊ី ប៉ុន្តែទ្រង់អង្វរវាថា នឹងបញ្ជូនមនុស្ស ជាសួយទៅឱ្យវាស៊ីរាល់ៗថ្ងៃ ហើយវាក៏ដោះលែងទ្រង់ទៅ។ លុះស្ដេចត្រឡប់មក វិញ ក៏ទ្រង់យកមនុស្សដែលមានទោសឧក្រិដ្ឋបញ្ជូនទៅឱ្យវាស៊ីរាល់ថ្ងៃ។ ក្រោយ មកព្រះអយ្យកោក៏សោយទីវង្គតទៅ។ បន្ទាប់មកព្រះវរបិតាខ្ញុំម្ចាស់ក៏ឡើងគ្រង រាជ្យ។ ទ្រង់មិនដែលបញ្ជូនមនុស្សទៅឱ្យវាស៊ីដូចមុនៗទេ ហេតុនេះហើយ ទើបអារក្សទឹកខឹងណាស់ចូលមកចាប់មនុស្សសត្វស៊ីគ្មានសល់ សូមទ្រង់ជ្រាប”។
ក្សត្រាក្សត្រីទាំងពីរអង្គ ទ្រង់បានសំណេះសំណាលសាសងគ្នាទៅវិញទៅមក ដោយមេត្រីស្នេហារង់ចាំមើលដំណើរស្រីអារក្សទឹកនោះមក។ មិនយូរប៉ុន្មាន អារក្សទឹកជាយក្ខិនីដ៏ធំសំបើមគួរឱ្យខ្លាចក៏មកដល់ឃើញក្សត្រាក្សត្រីក៏ស្ទុះប្រុងនឹង ចាប់ស៊ី។ ព្រះរាជធីតាភ័យខ្លាំងពេករត់ចូលក្នុងវិញ។ ព្រះសុវណ្ណវង្ស ឋិតនៅ យ៉ាងអង់អាចចាំប្រយុទ្ធជាមួយយក្ខិនី។ ទ្រង់បានគ្រវីព្រះខ័នទិព្វធ្វើឱ្យយក្ខិនីបែក ទ្រូងស្លាប់ក្នុងខណៈពេលនោះទៅ។ ព្រះរាជធីតាពោលពាក្យសរសើរព្រះអង្គជា អនេកកប្បការ ហើយព្រះនាងសុំឱ្យទ្រង់វះពោះយក្ខិនីយកកែវមណីត្រាំក្នុង សុគន្ធវារីដើម្បីប្រោះឆ្អឹងជនានុជន និងសត្វទាំងឡាយឱ្យមានជីវិតឡើងវិញ។ ព្រះរាជាព្រមទាំងអាមាត្យសព្វមុខមន្ត្រី និងប្រជាជន សត្វចតុប្បាទ ទ្វេបាទរស់ដូច ប្រក្រតីវិញទាំងអស់។ ព្រះរាជាទ្រង់អញ្ជើញ ព្រះសុវណ្ណវង្ស ឱ្យឡើងគ្រងរាជ្យនៅ នគរនោះ ប៉ុន្តែទ្រង់ប្រកែកមិនព្រមទទួលឡើយដោយទ្រង់មានបេសកកម្មត្រូវ ធ្វើដំណើរទៅមុខទៀត ទើបទ្រង់ទូលធ្វើព្រះនាង សុវណ្ណមណ្ឌាទេវី និងព្រះបិតាសិន កាលណាទ្រង់បានផ្កាកុមុទពីឋានភុជង្គនាគហើយ ទ្រង់នឹងមកទទួលព្រះនាង។
4
ទ្រង់បានថ្វាយបង្គំលាព្រះរាជាដោយយកដួងកែវមណី ត្រាច់ចរទៅមុខទៀត ហើយបានទៅដល់នគរមួយ ឥតមានមនុស្សម្នាក់ឡើយ។ ព្រះសុវណ្ណវង្ស បានជួបនឹងក្សត្រីកញ្ញាមួយអង្គ ឋិតនៅក្នុងស្គរមាសព្រះនាម សុវណ្ណភេរី ។ ព្រះនាងបាន ដំណាលហេតុការណ៍ស្រុក
ទេសឱ្យទ្រង់ជ្រាបអំពីវិបត្តិ ស្ងាត់សូន្យនេះដែលបណ្តាល មកពីសត្វឥន្ទ្រីយ៍មកចាប់ មនុស្សស៊ី។
កាលណោះព្រះអង្គបានប្រហារសត្វឥន្ទ្រីយ៍ដោយព្រះខ័នទិព្វ ហើយវះក្បាល សត្វនោះ យកកែវមណីទៅត្រាំក្នុងទឹកក្រអូប រួចទ្រង់យកទឹកនោះទៅប្រោះ មនុស្សសត្វឱ្យមានជីវិតឡើងវិញ។ ព្រះរាជាទ្រង់មានបំណងនឹងប្រគល់រាជ សម្បត្តិដល់ ព្រះសុវណ្ណវង្ស តែទ្រង់ប្រកែកមិនព្រមទទួលភារៈនេះទេ ទ្រង់ សុំផ្ញើព្រះនាង សុវណ្ណភេរី និងព្រះបិតាក្មេក ហើយទ្រង់យកកែវមណីទួលលា ព្រះរាជាចេញទៅរកផ្កាកុមុទ។
ក្រោយមកទ្រង់បានទៅដល់ស្រះយ៉ាងធំមួយក្នុងព្រៃ ទ្រង់បានចូលទៅសម្រាក ព្រះកាយពលក្រោមដើមនិគ្រោធព្រឹក្សមួយដើមក្បែរស្រះនោះ ហើយទ្រង់ចុះបេះ ផ្លែផល្លាសោយជាក្រយាស្ងោយ។ កាលណោះ ស្តេច វរុណនាគរាជ នាំបរិវារ និង សុវណ្ណនាគី ឡើងមកក្រសាលទឹករហូតដល់ថ្ងៃរសៀល។ ពេលនោះស្រាប់ តែមានគ្រុឌមួយហោះហើរលើអាកាសបានឃើញនាគលេងទឹកយ៉ាងខៀវខ្ញា ក៏ចុះមកចាប់នាគទាំងនោះ។ ពួករាជបរិពារ និង សុវណ្ណនាគី ក្រលេកឃើញ គ្រុឌក៏ភិតភ័យជ្រែកដីរត់ទៅឋានភុជង្គនាគវិញ សល់តែស្ដេចនាគរាជមិនព្រមរត់ គ្រុឌក៏ហក់ប្រុងចាប់ស្តេចនាគ។ ព្រះសុវណ្ណវង្ស ឃើញដូច្នេះទ្រង់ក៏គ្រវីព្រះខ័ន បណ្តាលឱ្យគ្រុឌបែកទ្រូងស្លាប់បាត់ទៅ។ ស្តេច វរុណនាគរាជ មានសេចក្តីត្រេកអរ មហិមាចំពោះ ព្រះសុវណ្ណវង្ស ហើយក៏បាននាំទ្រង់ទៅឋានភុជង្គនាគ។ ទ្រង់បាន ថ្វាយផ្កាកុមុទទិព្វ និងលើកបុត្រីថ្វាយព្រះអង្គ។ សុវណ្ណវង្ស និង សុវណ្ណនាគី បានទូលលាស្ដេចនាគរាជត្រលប់មកកាន់ឋានមនុស្សលោកវិញ។
ព្រះសុវណ្ណវង្ស និង ព្រះនាង សុវណ្ណនាគី នាំគ្នាទស្សនាទេសភាពព្រឹក្សព្រៃ ប្រកបដោយព្រះទ័យស្រស់ថ្លា ហើយក៏ឈប់សម្រាកព្រះកាយផ្ទុំលក់នៅក្រោម ម្លប់ឈើទាំងពីរអង្គ។ គ្រានោះមានវិជ្ជាធរមួយបានឃើញក្សត្រទាំងពីរផ្ទំលក់ ក៏ចូលទៅលួចព្រះខ័នទិព្វហើយគេចខ្លួនបាត់ទៅ។ លុះព្រះអង្គតើនឡើងរក ព្រះខ័នពុំឃើញក៏ធ្វើដំណើរទៅមុខទៀតទាំងភិតភ័យ។ ជួនជាពេលនោះគ្រុឌ ហើរមកដល់ សុវណ្ណនាគី ភ័យខ្លាំងពេកក៏ជ្រែកដីវិលទៅឋានភុជង្គនាគវិញ។ ឯ ព្រះសុវណ្ណវង្ស បន្ទាប់ពីប្រយុទ្ធឈ្នះគ្រុឌហើយក៏បាត់ សុវណ្ណនាគី រកមិនឃើញ ការព្រាត់ប្រាសពីគូសង្សារថ្មោងថ្មីបណ្តាលឱ្យទ្រង់កើតទុក្ខក្រៀមក្រំថែមទៀត។ មិនយូរប៉ុន្មានព្រះឥន្ទ្រាធិរាជបានជ្រាបថា មានវិជ្ជាធរជាចោរលួចព្រះខ័នរបស់ ព្រះសុវណ្ណវង្ស។ ទ្រង់ត្រាស់បញ្ជាឱ្យវិជ្ជាធរនោះយកព្រះខ័នទៅថ្វាយព្រះអង្គវិញ ហើយទ្រង់កាឡាជាពាជីចូលទៅរក ព្រះសុវណ្ណវង្ស សួរថា "នែចៅមាណព ចុះអ្នកអញ្ជើញទៅណាមកណាតែម្នាក់ឯងដូច្នេះ?” ព្រះអង្គតបថា “បងពាជីអើយ ខ្ញុំកំពុងតែវង្វេងផ្លូវ ខ្ញុំចង់ត្រឡប់ទៅនគរវិញណាស់”។ ទ្រង់បានដំណាល រឿងរ៉ាវរបស់ទ្រង់ឱ្យសេះសណ្តាប់។ ពាជីបាននាំព្រះរាជបុត្រចេញទៅ។
ព្រះសុវណ្ណវង្ស ឡើងគង់លើខ្នងសេះៗនាំទ្រង់ទៅដល់រតនវិមានមួយ ទ្រង់ យាងចូលទៅបានជួបនឹងនាងទេពធីតាមួយអង្គព្រះនាម រតនវិមាន មានរូបឆោម ប្រិមប្រិយប្រដាប់ដោយអលង្ការល្អថ្លៃថ្លា ទើបទ្រង់ត្រាស់សួរអំពីដំណើរដែលនាង មកនៅក្នុងវិមាននេះ។ ទេពធីតាទូលថា ខ្លួននាងទើបនឹងច្យុតិពីឋានទេវលោក មកចាប់កំណើតក្នុងរតនវិមាននេះ ហើយនាងទូលសួរទ្រង់អំពីដំណើរព្រៃតែមួយ អង្គឯង។ ទ្រង់បានថ្លែងប្រាប់នាងតាមដំណើររឿងរបស់ទ្រង់ ហើយថ្លែងវាចា ផ្សេងៗទៀតប្រាប់នាងៗទទួលស្តាប់ដោយរីករាយ ហើយមនុស្ស និង ទេពធីតា រួមរស់មេត្រីស្នេហាជាទីមនោរម្យក្នុងរតនវិមាននោះទៅ។ ព្រះសុវណ្ណវង្ស ទ្រង់សេពសោយសម្បត្តិទិព្វជាមួយនឹងទេពធីតាយ៉ាងសោមនស្សរីករាយ។
រឿង សុវណ្ណវង្ស នៅមានត ភាគប្លចប់
រឿង សុវណ្ណវង្ស ភាគបញ្ចប់
និយាយពី សុវណ្ណនាគី បានជ្រែកដីចុះទៅឋាននាគហើយចូលទៅថ្វាយបង្គំ ព្រះបិតាៗត្រាស់ថា "ហេតុអ្វីក៏បុត្រត្រឡប់មកវិញ ចុះ សុវណ្ណវង្ស នៅឯណា?” សុវណ្ណនាគី បានទូលតាមការពិត។ ស្តេចនាគរាជទ្រង់ខ្ញាល់ជាខ្លាំងតាំងដៀល ច្នេះឱ្យនាងថា ជាស្រីគ្មានភក្ដីភាពចំពោះស្វាមី ហើយស្តេចនាគត្រាស់បណ្តេញ នាងឱ្យទៅតាមរកស្វាមីវិញ បើរកប្តីមិនឃើញទេ កុំវិលត្រឡប់មកទីនេះទៀត។ សុវណ្ណនាគី ត្រាច់ឡើងមកកាន់ឋានមនុស្សលោកម្តងទៀតទៅរកព្រះស្វាមីនៅ ឯព្រៃត្រាច់ចរទៅគ្រប់ទិសទីអស់កំឡុងជាច្រើនរាត្រី ស្រាប់តែបានទៅដល់ រតនវិមានដែល សុវណ្ណវង្ស ស្នាក់អាស្រ័យ។ គ្រានោះទ្រង់គង់នៅមាត់បង្អួច នៃរតនវិមានបានទតឃើញ សុវណ្ណនាគី កំពុងយាងតែអង្គឯង ក៏ទ្រង់មានបន្ទូល ហៅព្រះនាងៗក្រឡេកទៅឃើញជាក់ជាស្វាមី មានសេចក្តីត្រេកអរពន់ពេក ស្ទុះចូលទៅក្នុងវិមានឱបព្រះស្វាមីដោយក្តីនឹករលឹក។ ព្រះនាង សុវណ្ណនាគី និងទេពធីតា រតនវិមាន បានប្រណិប័តន៍ សុវណ្ណវង្ស ប្រកបដោយក្តីស្វាមីភក្តិ។
ថ្លែងពីព្រះបាទ ចិត្តវង្សរាជ ទ្រង់មានព្រះបំណងចង់បានព្រះនាង ឯកបុរណី ណាស់។ ទ្រង់ព្រះចិន្តាថា ឥឡូវនេះ សុវណ្ណវង្ស ចេញពីនគរទៅអស់៥ខែទៅ ហើយគ្មានដំណឹងអ្វីសោះ ប្រហែលជាគេស្លាប់ក្នុងព្រៃនោះបាត់ទៅហើយ ទើប ទ្រង់ត្រាស់បង្គាប់សាវដៃឱ្យទៅហៅព្រះនាង ឯកបុរណី ចូលគាល់។ ព្រះនាង បានស្តាប់ពាក្យសាវដៃហើយយល់ថា “ព្រះរាជាប្រើព្រះស្វាមីឱ្យទៅពិភពនាគ ដោយទ្រង់ចង់ពង្រាត់ព្រះអង្គចេញពីខ្ញុំ” ទើបព្រះនាងមានព្រះសវនីយ៍ប្រាប់ សាវដៃទាំងនោះថា “សូមពួកនាងទូលព្រះអង្គផង ថាខ្ញុំមានព្រះគភ៌ចាស់ខែ ណាស់ទៅហើយ មិនអាចចូលបង្គំគាល់ទ្រង់បានទេ។ ការណ៍ទាំងនេះ សូមទ្រង់ មេត្តាប្រោស”។ ពេលនោះព្រះនាងបានសរសេរលិខិតមួយច្បាប់ដាក់ក្រោមរង ព្រះសិរមានសេចក្តីថា "ដោយខ្លាចព្រះរាជាបង្ខំចិត្ត ទើបខ្ញុំម្ចាស់ភៀសព្រះកាយ ចេញទៅព្រៃនៅទិសខាងលិចព្រះនគរនេះ បើព្រះស្វាមីនៅមានក្តីអាឡោះ អាល័យ សឹមស្តេចយាងទៅរកខ្ញុំម្ចាស់ បើគ្មានទេ សូមស្ដេចកុំយាងទៅអី”។ ហើយព្រះនាងភៀសព្រះកាយគេចចេញបាត់ទៅ។
ព្រះនាងយាងទៅជាច្រើនថ្ងៃ ទើបបានទៅដល់ឆ្នេរទន្លេមួយ ហើយឈប់ សម្រាកនៅក្រោមដើមឈើ។ មិនយូរប៉ុន្មានទ្រង់ក៏ប្រឈួនព្រះឧទរ ប្រសូតព្រះរាជបុត្រដោយសួស្តីបានសុខសប្បាយទាំងមាតាទាំងបុត្រឥតមាន គ្រោះថ្នាក់អ្វីឡើយ។ បន្ទាប់ពីព្រះនាងប្រសូតបុត្ររួចហើយ មានយក្ខិនី៤នាក់ កំពុងស្វែងរកអាហារស្រាប់តែបានជួបប្រទះនឹងព្រះនាងក៏នាំគ្នាស្ទុះចូលមកចាប់ ព្រះនាងៗបានរំលឹកគុណលោកតាឥសី ហើយរាយមន្តចិន្ដាមុនីធ្វើឱ្យយក្ខិនីទាំង ៤រូប ប្រែចិត្តកោតខ្លាចចេស្តាបារមី និងមានចិត្តអាណិតមេត្តាទៅវិញ។ នាង យក្ខិនីទី១ បីព្រះរាជកុមារផ្ងូតទឹក។ យក្ខិនីទី២ទៅដងទឹក។ យក្ខិនទី៣បំរុង ទឹកក្តៅថ្វាយព្រះនាង។ យក្ខិនីទី៤រៀបចំព្រះពន្លាសម្រាប់ព្រះនាងផ្ទះ។ ព្រះនាង ឯកបុរណី បានចិញ្ចឹមព្រះរាជបុត្រក្នុងព្រៃដោយសុខសប្បាយអស់កំឡុង១ខែ។
2
និយាយពី ព្រះសុវណ្ណវង្ស វិញ នៅរាត្រីដែល ឯកបុរណី ភៀសព្រះកាយនោះ ព្រះអង្គបានសុបិនយ៉ាងចម្លែក គឺឃើញក្អែកមួយហើរទៅកាន់ដំណាក់ព្រះនាង ព្រះនាងភិតភ័យខ្លាំងពេកក៏រត់ចេញពីប្រាសាទទៅ។
ពេលទ្រង់តើនឡើងយល់ ថា ប្រហែលជាមហេសីមានរឿងហេតុអ្វីមួយពីសំណាក់ព្រះរាជាហើយ ទើប ទ្រង់មិនបង្អង់យូរឡើយ។ ទ្រង់វាយខ្សែពិណទី១ដែលអាចធ្វើឱ្យរតនវិមាន អណ្តែតឡើងទៅលើអាកាស។
ទ្រង់វាយខ្សែទី២ រតនវិមានលឿនភ្លៅសំដៅ ទៅយក សុវណ្ណកេរី។
ទ្រង់វាយខ្សែទី៣ រតនវិមានហោះសំដៅទៅទទួល សុវណ្ណមណ្ឌាទេវី ហើយទ្រង់ចេញដំណើរតាមផ្លូវអាកាសតទៅទៀតដរាបបាន ទៅដល់ជ័យវង្សនគរ។ រតនវិមានឋិតនៅលើអាកាសត្រង់ពាក់កណ្តាលនគរ។
មនុស្សពេញព្រះនគរ គ្រាន់តែបានឃើញរតនវិមាននោះភ្លាម ក៏ភ្ញាក់ផ្អើលឈូឆរនាំគ្នាឈរមើលត្រៀបត្រានូវហេតុការណ៍ដ៏ ចម្លែកនេះ។
អាមាត្យស្គាល់ជាក់ជា ព្រះសុវណ្ណវង្ស ក៏នាំគ្នាឡើង ក្រាបទូលព្រះបាទ ចិត្រវង្សរាជ ថា “សូមទ្រង់ជ្រាប ព្រះឧបរាជ យាងត្រឡប់មកវិញហើយ ទ្រង់ប្រថាប់ក្នុងវិមាននៅលើអាកាស ឯណោះ”។
ព្រះរាជាទ្រង់ទតឃើញវិមានអណ្តែតដែលមានទេព ធីតាប្រកបដោយរូបសម្បត្តិថ្លៃថ្លា ក៏មានព្រះទ័យស្នេហាជាខ្លាំង ហើយទ្រង់ឡើងជណ្តើរវិមានដោយប៉ុនប៉ងនឹងពិឃាតព្រះឧបរាជ ជាក្មួយដណ្តើមយកនារីទាំងនោះ ប៉ុន្តែទ្រង់ភ្លាត់ស្នៀតត្រូវធ្លាក់ចុះ មកជីវិញ។ ក្នុងខណៈពេលនោះ ព្រះធរណីក៏ស្រូបយកព្រះបាទ ចិត្រវង្សរាជ ក្នុងពេលនោះទៅ។
ព្រះសុវណ្ណវង្ស មានព្រះទ័យតក់ស្លុតសង្វេគនឹងព្រឹត្តិការណ៍នេះណាស់។
ទ្រង់យាងចុះពីរតនវិមាននាំព្រះមហេសីទាំង៤អង្គថ្វាយបង្គំព្រះវរមាតា ហើយ ទូលសួរអំពី ឯកបុរណី តើប្រសូតបុត្រហើយឬនៅ?។
ព្រះមាតាសណ្តាប់ហើយ ក៏ទ្រង់ព្រះកន្សែងថ្លែងព្រះសវនីយ៍ថា “ថ្ងៃដែលព្រះរាជាត្រាស់ហៅព្រះនាងឱ្យ ចូលគាល់នោះ តែព្រះនាងមិនបានចូលគាល់ព្រះអង្គទេ បែរជាភៀសព្រះកាយ តាំងពីថ្ងៃនោះមក។
ព្រះសុវណ្ណវង្ស ទ្រង់ព្រួយព្រះទ័យជាខ្លាំងហើយស្តេចយាង ទៅក្នុងព្រះរាជដំណាក់ទតឃើញសំបុត្រនៅក្រោមរងព្រះសិរ ទើបព្រះចិន្តាថា "ព្រះជាយារត់ចេញទៅពួននៅក្នុងព្រៃទិសខាងលិចព្រះនគរ។
ទ្រង់យាងទៅទិសខាងលិចអស់កំឡុង៥ថ្ងៃ ទើបទ្រង់បានជួបនឹងព្រានសន្ទូច ម្នាក់ត្រាស់សួរថា “នែបងនេសាទ អ្នកបានឃើញនារីម្នាក់មានផ្ទៃពោះ ឬមានកូន ខ្ចីដែរឬទេ?”
អ្នកនេសាទឆ្លើយថា “កាលពីម្សិលមិញ ខ្ញុំបានឃើញស្រីម្នាក់មាន កូនតូចនៅកំពង់ទឹកឯណោះ”។
ព្រះសុវណ្ណវង្ស មានព្រះទ័យសោមនស្សណាស់ ទ្រង់យាងទៅមុខទៀតក៏ឮសូរសម្លេងក្មេងយំ ហើយទ្រង់ក៏បានជួបនឹងព្រះនាង ឯកបុរណី ។
ព្រះនាងបានទតឃើញព្រះស្វាមីក៏ស្ទុះមកឱបព្រះអង្គព្រះកន្សែងថ្លែង ប្រាប់ពីហេតុភេទឱ្យព្រះស្វាមីសណ្តាប់។
3
ព្រះសុវណ្ណវង្ស ទទួលយកព្រះរាជបុត្រហើយ ទ្រង់ថ្លែងរឿង របស់ព្រះបិតុលាសោយទីវង្គត ហើយក្សត្រាក្សត្រីទាំងពីរអង្គទ្រង់ ធ្វើដំណើរទៅកាន់មាតុភូមិនិវត្តន៍។ គ្រានោះមានស្រីអារក្សទឹកម្នាក់ បានឃើញ ព្រះសុវណ្ណវង្ស មានរូបឆោមសោភាក៏ចាប់ចិត្តប្រតិព័ទ្ធស្នេហា ជាខ្លាំង តាំងគិតរកមធ្យោបាយដើម្បីយកព្រះអង្គទើបនាងអារក្សទឹក កាឡាខ្លួនជាដូនចាស់ម្នាក់អុំទូកតាមដងទន្លេ។ ព្រះសុវណ្ណវង្ស មាន បំណងចង់ឆ្លងទៅត្រើយម្ខាង ទ្រង់ទតឃើញដូនចាស់អុំទូក ទ្រង់ស្ពាន ថាជាមនុស្សស្រីធម្មតាក៏ហៅឱ្យគាត់ចូលទូកមក ទ្រង់សុំឱ្យដូនចាស់ ជួយចម្លងទ្រង់និងមហេសីទៅត្រើយខាងម្ខាង។ នាងអារក្សទឹកត្រេកអរ ណាស់ដោយសមតាមបំណង ក៏ចូលទូកទៅចតជាប្រញាប់។ ក្សត្រា ក្សត្រីយាងចុះទូកដូនចាស់ៗអង្គុយកន្សៃទូក ព្រះនាង ឯកបុរណី នៅ កណ្តាល ឯព្រះស្វាមីនៅក្បាលទូក។
លុះទូកចេញទៅដល់ពាក់កណ្តាលទន្លេ ក៏បណ្តាលឱ្យមានខ្យល់ព្យុះយ៉ាងខ្លាំង មេឃក៏ងងឹតចុះអ័ព្ទពេញផ្ទៃទឹក។ នៅឱកាសនោះ ដូនចាស់ក្លែងក្លាយបានចាប់ ព្រះទេពីទម្លាក់ទឹក ហើយក៏កាឡាខ្លួនជាព្រះទេពី បីព្រះរាជបុត្រជំនួសវិញ។ ដល់អាកាសភ្លឺស្វាងបន្តិចក៏ទូលព្រះស្វាមីថា ដូនចាស់ធ្លាក់ទឹកបាត់ទៅហើយ មិនដឹងជាធ្លាក់តាំងពីអង្កាល់ណាទេ ដូច្នេះសូមទ្រង់បីព្រះរាជបុត្រចុះ ខ្ញុំម្ចាស់ខំ អុំទូកឱ្យដល់ត្រើយម្ខាងក្រែងមានខ្យល់ព្យុះមកទៀត។ ឯទារកនោះស្រែកយំ យ៉ាងខ្លាំង ព្រោះក្នុងដៃនាងយក្ខិនី។ លុះត្រាតែព្រះបិតាបីទើបគេបាត់យំ ដូច្នេះព្រះបិតាត្រូវទទួលភារៈបីព្រះរាជបុត្រវិញ។ ឯព្រះនាង ឯកបុរណី ក្រោយ ដែលនាងយក្ខិនីច្រានទម្លាក់ទឹកទៅហើយនោះ មានទេពធីតារក្សាទន្លេបាន ឃើញជាក់ច្បាស់ក៏ជួយស្រង់ព្រះនាងយកទៅដាក់ដល់ត្រើយដោយសុវត្ថិភាព។ ប៉ុន្តែទ្រង់នឹករលឹកដល់ព្រះរាជបុត្រ និងព្រះស្វាមីពន់ពេក ទ្រង់ព្រះកន្សែង ឥតល្ហែ។
4
ចំណែក ព្រះសុវណ្ណវង្ស ទ្រង់នាំមហេសីជាស្រីអារក្សទឹកដរាប ដល់ព្រះនគរដោយឥតសង្ស័យសោះឡើយ បាននាំចូលទៅថ្វាយបង្គំ ព្រះវរមាតាៗបន្ទោសបុត្រប្រសាថា
“បុត្រនេះរត់ទៅមិនប្រាប់នរណា ឱ្យដឹងសោះ ហើយទ្រង់ទទួលព្រះរាជនត្តាទៅបីរួចប្រគល់ដល់ដៃ នាងអារក្សទឹក។
ព្រះរាជកុមារក៏យំយ៉ាងខ្លាំងហាក់ដូចជាភ័យខ្លាច ណាស់ ទើបព្រះរាជអយ្យកាទទួលភារៈចិញ្ចឹមរក្សាព្រះរាជនត្តោ។
ព្រះទេពីទាំងអស់នាំគ្នាមកថ្វាយបង្គំព្រះស្វាមី និងមហេសីទី១។ ព្រះនាង សុវណ្ណនាគី បានឃើញនាងអារក្សទឹកមានភ្នែកក្រហមខុស ពីភ្នែកមនុស្សលោកក៏ស្គាល់ថា នាងនេះមិនមែនជាមនុស្សធម្មតា ឡើយ ហើយថ្លែងប្រាប់មហេសីទាំងបីរូបទៀត ប៉ុន្តែព្រះនាងមិន ហ៊ានទូលព្រះស្វាមីទេ ក្រែងទ្រង់មិនជឿ។
ដល់ពេលរាត្រីទេពធីតារក្សាទន្លេបានមកខ្សឹបដាក់ព្រះកាណ៏ ព្រះសុវណ្ណវង្ស ថា
“នាងនេះមិនមែន ឯកបុរណី ទេ នាងគឺជាស្ត្រីអារក្សទឹក និងរៀបរាប់រឿង រ៉ាវគ្រប់យ៉ាងដល់ ព្រះសុវណ្ណវង្ស និងទីកន្លែងដែល ឯកបុរណី បានស្នាក់នៅ។
លុះ ព្រះសុវណ្ណវង្ស តើនឡើងក៏បញ្ជាឱ្យពួកអាមាត្យចាប់នាង ឯកបុរណី ក្លែង ក្លាយចងដោយចំណង៥ប្រការនាំខ្លួនចុះទូកសំដៅទៅកាន់ទីដែលទ្រង់សុំឱ្យដូន ចាស់ចម្លង ហើយទ្រង់បានជួបនឹងព្រះនាង ឯកបុរណី នៅទីនោះដូចពាក្យ ទេពធីតាប្រាប់មែន ទ្រង់ទទួលព្រះនាងឱ្យយាងចុះទូក ហើយទ្រង់ប្រហារនាង អារក្សទឹកដោយព្រះខ័នទិព្វទម្លាក់ទៅក្នុងទន្លេ ទើបទ្រង់ត្រឡប់មកនគរវិញ។
ព្រះនាង ឯកបុរណី បានទតឃើញព្រះរាជបុត្រមានព្រះទ័យត្រេកអរពន់ប្រមាណ ស្ទុះទៅទទួលបីព្រះរាជបុត្រៗក៏សំដែងទឹកមុខសប្បាយរីករាយបាត់យំស្រែកដូច មុនទៀតដែរ។
ឯព្រះទេពីទាំង៤អង្គបានដឹងថា ព្រះទេពី ឯកបុរណី មកដល់ ហើយក៏នាំគ្នាចេញទៅទទួលស្វាគមន៍ថ្វាយបង្គំមហេសីច្បងតាមទំនៀម។ តាំង ពីពេលនោះមក ព្រះទេពីទាំង៥អង្គបានប្រណិប័តន៍ព្រះរាជស្វាមីដោយភក្ដីភាព។
ទើបទ្រង់ត្រាស់បង្គាប់សេនាបតីឱ្យរៀបចំពលសេនាទាំង៤កង។ ស្តេចនឹង លើកចេញទៅកាន់អរិដ្ឋនគរ។
ព្រះបាទសុវណ្ណវង្សរាជ ព្រមទាំងព្រះទេពីទាំង ៦អង្គ លើកចតុរង្គសេនាយាត្រាទៅអរិដ្ឋនគរអស់កំឡុង៣ខែ ទើបទៅដល់ អរិដ្ឋនគរ។
ព្រះនាង ឯកបុរណី បានក្រាបទូលថ្លែងរឿងរ៉ាវរបស់ព្រះនាងយ៉ាង ពិស្តារដែលជារឿងកំសត់ក្រៃលែងក្នុងជីវិត។
ព្រះវរមាតាបិតាព្រមទាំងព្រះញាតិ វង្ស និងពួកសាវដៃស្រីស្នំអត់ទ្រាំទប់ទល់និងសំណោកពុំបានឡើយ ដោយក្តី អាណិតអាសូរព្រះរាជធីតាពន់ពេក។ ព្រះបាទសុវណ្ណវង្សរាជ ទ្រង់ប្រថាប់នៅ ក្នុងអរិដ្ឋនគរអស់មួយព្រះវស្សា ទើបទ្រង់ទូលលាព្រះវរមាតាបិតានាំព្រះរាជ ទេពីធ្វើដំណើរមកកាន់មាតុភូមិនិវត្តន៍វិញ។
ចប់ដោយបរិបូណ៍
0 Comments:
Post a Comment