រឿង បណ្ឌិត ធនញ្ជ័យ
ព្រះមហាក្សត្របញ្ជាទាហានឱ្យទៅចាប់ ធនញ្ជ័យ មកមានព្រះបន្ទូលសួរថា "នែ អាជ័យ ! ដូចម្តេចបានជាឯងដេញវាយអស់សាវឡឹកអញ?"។ ធនញ្ជ័យ ថា "ក្រាបទូល ព្រះអង្គ បានជាទូលព្រះបង្គំវាយស្រីអស់ទាំងនោះ ព្រោះពួកនាងល្មើសនឹងព្រះបន្ទូល "ល្មើសនឹងស្ដីខ្លះទៅ” (ស្តេចសួរបញ្ជាក់)។
ធនញ្ជ័យ ថា "ត្បិតព្រះអង្គបង្គាប់ឱ្យនាងទៅជុះ អាចម៍ដាក់ផ្ទះទូលបង្គំ តែពួកនាងមិនត្រឹមតែជុះប៉ុណ្ណោះទេ ថែមទាំងនោមទៀតផង ។ ហេតុដូច្នេះហើយទើបទូលបង្គំវាយយ៉ាងនេះ សូមទ្រង់ជ្រាប”។
ព្រះមហាក្សត្រទ្រង់ សណ្តាប់ហើយក៏នៅស្ងៀមមិនបានដាក់ទោសអ្វីដល់ ធនញ្ជ័យ ឡើយ ។ ក្រោយមក ភាពល្បីល្បាញរបស់ ធនញ្ជ័យ ក៏ព្ទទៅដល់ស្រុកចិន ។ ស្ដេចស្រុកចិនជំនុំអស់នាហ្មឺនថា នឹង ទៅធ្វើចំណោទនៅស្រុកខ្មែរដើម្បីផ្ចាញ់ប្រាជ្ញា ធនញ្ជ័យ ។
ស្តេចក្រុងចិនក៏ថ្លែង ព្រះរាជសារមកថ្វាយស្ដេចស្រុកខ្មែរ ក្នុងសារនោះបញ្ជាក់ថា ស្តេចស្រុកចិននាំផ្លែ ឪឡឹកបី និងសំពៅ៥០០ ក្នុងសំពៅនីមួយៗមានមនុស្សចំនួន៥០០នាក់នាំមកធ្វើចំណោទ នឹងអ្នកប្រាជ្ញស្រុកខ្មែរ បើអ្នកប្រាជ្ញស្រុកខ្មែរឆ្លើយត្រូវ យើងប្រគល់សំពៅ៥០០ និង មនុស្សទាំងអស់ ។ បើឆ្លើយមិនត្រូវទេ យើងនឹងយកស្រុកខ្មែរជាចំណុះ” ។
ព្រះរាជាជ្រាបហើយក៏ប្រាប់ ធនញ្ជ័យ តាមដំណើររឿង ។ ធនញ្ជ័យ ទូលព្រះអង្គថា "សូមព្រះអង្គកុំព្រួយព្រះទ័យអី ធានាលើទូលបង្គំចុះ” ប៉ុន្តែក្នុងចិត្ត ធនញ្ជ័យ ភ័យ ណាស់ដែលអួតថាខ្លួនឯងជាអ្នកប្រាជ្ញ ។ ធនញ្ជ័យ រិះរកគ្រប់មធ្យោបាយដែលត្រូវធ្វើ។
ប៉ុន្តែ ធនញ្ជ័យ គិតអ្វីមិនយល់ទាល់តែសោះ ក៏និយាយតែម្នាក់ឯងថា “ស្អែកនេះ ព្រះរាជាឱ្យអញដោះប្រស្នានឹងអ្នកប្រាជ្ញចិន បើឆ្លើយមិនត្រូវទេ ទ្រង់នឹងសម្លាប់អញ ចោលមិនខាន ។ បើដូច្នេះអញគង់តែស្លាប់ដដែល អញមុជទឹកឱ្យស្លាប់ទៅប្រសើរ ជាង" ។
ដល់វេលាយប់ ធនញ្ជ័យ មុជទឹកយ៉ាងជ្រៅហើយអណ្តែតខ្លួនឡើងរសាត់ឆ្ងាយ ទៅៗរហូតដល់សំពៅចិន។ ធនញ្ជ័យ ស្តាប់ឮពួកចិននិយាយគ្នាថា “បើយើងធ្វើប្រស្នា ផ្លែឪឡឹកនេះហើយ តើយើងមានប្រស្នាអ្វីទៀត ត្បិតផ្លែឪឡឹកមានតែបី ផ្លែ១មាន គ្រាប់១ ផ្លែ១ទៀតមានគ្រាប់២ ឯផ្លែមួយទៀតមានគ្រាប់តែបីប៉ុណ្ណោះ”។
អ្នកប្រាជ្ញ ម្នាក់និយាយថា “ពេលយើងធ្វើប្រស្នានេះចប់ យើងនឹងដាក់ប្រស្នាមួយទៀត គឺយក សាច់ជ្រូកមួយនាលិឱ្យស្ដេចខ្មែរសោយឱ្យបានពីរឆ្នាំ មិនឱ្យប្រឡាក់អំបិល មិនឱ្យធ្វើងៀត ឯសាច់ក៏មិនឱ្យខូច” ។ នាម៉ឺនម្នាក់សួរថា "ធ្វើដូចម្ដេចនឹងបានពីរឆ្នាំទៅ”។
អ្នកប្រាជ្ញ ចិនបញ្ជាក់ទៀតថា “គឺនៅថ្ងៃចុងឆ្នាំ និងថ្ងៃដើមឆ្នាំ យើងយកសាច់ជ្រូកមកធ្វើម្ហូប តែពីរបីថ្ងៃក៏រាប់ថាពីរឆ្នាំដែរ ត្បិតឆ្នាំចាស់១ថ្ងៃ ដើមឆ្នាំថ្មី១ថ្ងៃ”។ ពួកនាហ្មឺនឮដូច្នេះ ក៏ត្រេកអរណាស់ ថាស្រុកខ្មែរប្រាកដជាធ្លាក់ក្នុងកណ្តាប់ដៃរបស់ខ្លួនមិនខានឡើយ។ ធនញ្ជ័យ ឮសព្វគ្រប់អស់ហើយក៏ត្រឡប់ទៅផ្ទះវិញដោយចិត្តត្រេកអរ។
2
លុះដល់វេលាកំណត់ ពួកចិនយកផ្លែឪឡឹកទាំងបីដាក់ក្នុងព្រះរាជរោង ។ គ្រប់ប្រស្នា ដែលអ្នកប្រាជ្ញចិនសួរ ធនញ្ជ័យៗ ឆ្លើយបានយ៉ាងក្បោះក្បាយមិនទាក់ទើរត្រង់ណាបន្តិច ឡើយ។ ព្រះរាជាទ្រង់យកសំពៅទាំង៥០០ ទុកតែសំពៅមួយឱ្យនាម៉ឺននិងអ្នកប្រាជ្ញចិន ជិះត្រឡប់ទៅស្រុកវិញតែប៉ុណ្ណោះ។
ចាប់ពីថ្ងៃនោះមក អ្នកប្រាជ្ញស្រុកចិនខ្លាចប្រាជ្ញា ធនញ្ជ័យ មិនហ៊ានមកចោទប្រស្នាទៀតឡើយ ប៉ុន្តែនឹកខ្មាសក្នុងចិត្តថា បើអត់អំពី ធនញ្ជ័យ ទៅកាលណា នឹងទៅចោទជាប្រស្នានៅស្រុកខ្មែរម្ដងទៀត ។ ក្រោយមក ស្តេចស្រុកខ្មែរ ទ្រង់ព្រះចិន្តាគិតដល់ប្រាជ្ញា ធនញ្ជ័យ ហើយខ្លាច ធនញ្ជ័យ ដណ្តើម យករាជបល្ល័ង្ក ស្ដេចបញ្ជាឱ្យ ធនញ្ជ័យ ទៅនៅស្រុកឆ្ងាយក្បែរទន្លេ ។
ធនញ្ជ័យ ប្រាប់ អស់ប្រជារាស្ត្រដែលរស់នៅទីនោះថា "ត្បិតហ្លួងមានព្រះបន្ទូលឱ្យខ្ញុំមកធ្វើជាអ្នកធំនៅ ក្នុងស្រុកនេះ ឥឡូវខ្ញុំប្រាប់អ្នករាល់គ្នាថា បើធ្វើដំណើរតាមជើងទឹកត្រូវប្រាប់ខ្ញុំជាមុន ខ្ញុំនឹងកត់ថ្លៃទន្លេ និងព្រែក បើអ្នកណាមិនប្រាប់ខ្ញុំទេ នោះបានសេចក្តីថាខុស ខ្ញុំនឹង ទារពន្ធមិនប្រណីឡើយ” ។
ធនញ្ជ័យ ចាប់ផ្តើមធ្វើស្រែនៅកន្លែងទឹករាក់ ឯកន្លែងទឹក ជ្រៅ ធនញ្ជ័យ បាចអង្កាមពេញទន្លេហាមប្រាមមិនឱ្យអ្នកណាអុំទូកឆ្លងកាត់ឡើយ បើមិន ដូច្នោះទេ ធនញ្ជ័យ ចាប់ឱ្យសងជាប្រាក់៣០តម្លឹងចំពោះមនុស្សម្នាក់ និងទូកមួយ ។ អស់រាស្ត្ររកស៊ីក្នុងទន្លេជៀសសំណាបនិងអង្កាម ធនញ្ជ័យ មិនបានក៏នាំគ្នាទៅទូល ស្ដេចតាមដំណើររឿង ។
ព្រះមហាក្សត្រឆ្ងល់ព្រះទ័យនឹង ធនញ្ជ័យ ណាស់ ហើយហៅ ធនញ្ជ័យ មកមាន ព្រះបន្ទូលសួរថា “អាជ័យ! អញឱ្យឯងទៅរស់នៅតាមទន្លេធ្វើស្រែយកស្រូវ ចុះហេតុ អីក៏ឯងធ្វើដូច្នេះ ឯងលក់រាស្ត្រនោះធ្ងន់ធ្ងរណាស់ បើឯងចង់យក ឯងយកតែមួយបាទ បានហើយ” ។
ឯ ធនញ្ជ័យ ទទួលព្រះបន្ទូលហើយ ក៏ទៅយកបាត្រអំពីលោកសង្ឃ ហើយទៅប្រាប់អស់មនុស្សដែលចាប់លក់នោះថា "ត្បិតហ្លួងមិនឱ្យយកប្រាក់៣០តម្លឹង ទេ ទ្រង់ឱ្យខ្ញុំយកតែមួយបាត្រអំពីអស់លោកវិញ” ។ ប្រាប់ហើយ ធនញ្ជ័យ យកបាត្រ មកវាល់ប្រាក់អំពីរាស្ត្រ ។ អស់រាស្ត្រយកប្រាក់មកវាល់មិនពេញបាត្រ ក៏នាំគ្នារត់ទៅ ទូលស្ដេចម្ដងទៀត ។
ហើយស្តេចមានព្រះបន្ទូលសួរ ធនញ្ជ័យ ថា "អាជ័យ ! អញឱ្យឯងយកបាត្រទៅ វាល់ប្រាក់ពីរាស្ត្រកាលណា?” ឯ ធនញ្ជ័យ ទូលតបថា “ព្រះអង្គបង្គាប់ទូលបង្គំឱ្យយក ប្រាក់មួយបាត្រវិញ” ។ ឯព្រះមហាក្សត្របញ្ជាក់ថា “អញឱ្យឯងយកប្រាក់៤ស្ទឹង តែគេ ហៅមួយបាទ” ។
ស្តេចមានព្រះបន្ទូលទាំងក្រេវក្រោធថា "អាជ័យ ! ឯងនេះធ្វើឱ្យ ក្តៅទឹកដីអញណាស់ ទុកឯងទៀតមិនបានទេ” ។ ទើបស្ដេចបញ្ជាពេជ្ឈឃាតឱ្យយក ធនញ្ជ័យ ទៅសម្លាប់ក្នុងទឹកទន្លេទុកជាបម្រាម ។
ពេជ្ឈឃាតក៏ចាប់ ធនញ្ជ័យចងនៅកណ្តាលទូក ។ នៅលើទូក ធនញ្ជ័យ គិតក្នុងចិត្តថា “អញ
នឹងបញ្ឆោតពេជ្ឈឃាតកុំឱ្យសម្លាប់អញបាន”។ រួចហើយក៏ងាកមកប្រាប់ពេជ្ឈឃាតថា "បងប្អូនទាំង
អស់គ្នាឥឡូវនេះខ្ញុំជិតស្លាប់ហើយ ខ្ញុំសុំលេងជាមួយបងប្អូនឱ្យសប្បាយម្តង” ។
ពេជ្ឈឃាតស្ដាប់ពាក្យ ធនញ្ជ័យ ហើយគិតថា ទោះជា ធនញ្ជ័យ ចង់រត់ក៏រត់មិនរួចដែរ"
ទើបពួកគេស្រាយចំណងដៃ ធនញ្ជ័យ ចេញ ។ ឯ ធនញ្ជ័យ បង្គាប់ថា "បើខ្ញុំថា
អាជ័យធ្លាក់ទឹក អ្នកទាំងអស់គ្នាថា ហៃអើៗ”។ អ្នកអុំទូកក៏ព្រមថាតាម ធនញ្ជ័យ មែន ។
លុះមើលទៅឃើញថាសមល្មមហើយ ធនញ្ជ័យ ក៏លោតទឹកប្រូង ។ ឯអ្នកកន្សៃទូក
ស្រែកថា "អាជ័យធ្លាក់ទឹក" អ្នកក្បាលទូកស្រែកថា "ហៃអើៗ” ។ ធនញ្ជ័យ ប្រឹង
មុជទឹកទៅដល់ត្រើយម្ខាង ហើយចូលទៅជួបលោកគ្រូសង្គ្រាជក្នុងកុដិយកស្បង់ចីវរ
ស្លៀក ហើយបួសជាព្រះសង្ឃយ៉ាងស្ងៀមស្ងាត់ ។
អស់អ្នកអុំទូកដឹងថា ធនញ្ជ័យលោតទឹកទៅហើយក៏បន្ទោសគ្នាទៅវិញទៅមក ហើយវិលទៅទូលស្តេចថា "សូមទាន
ជ្រាប ត្បិត ធនញ្ជ័យ ខឹងចិត្តលោតទឹកទាំងចំណងលិចបាត់មិនឃើញអណ្តែតមកវិញ
ឡើយ” ។
ព្រះមហាក្សត្រសណ្តាប់ហើយក៏ហីទៅ ។ លុះដល់យូរបន្តិចទៅក៏ឮដំណឹង
ទៅដល់ស្រុកចិនថា អ្នកប្រាជ្ញស្រុកខ្មែរឥឡូវនេះស្លាប់បាត់ទៅហើយ ។ ស្តេចស្រុកចិន
បញ្ជាឱ្យអាចារ្យ៤នាក់ទៅចោទជាប្រស្នានៅស្រុកខ្មែរហើយធ្វើរាជសារមកថ្វាយស្ដេចខ្មែរ។
ក្នុងសារនោះមានសេចក្តីថា “ព្រះរាជសារមេត្រីអំពីស្តេចក្រុងចិន ថ្វាយមកស្ដេច ស្រុកខ្មែរសូមជ្រាប ត្បិតឮដំណឹងថា ស្រុកខ្មែរមានឈ្មោះ ធនញ្ជ័យ ជាអ្នកប្រាជ្ញធំ ឥឡូវនេះយើងប្រើអ្នកប្រាជ្ញស្រុកយើងឱ្យមកចោទជាប្រស្នាភ្នាល់គ្នា បើអ្នកប្រាជ្ញនគរ ណាចាញ់និងយកនគរនោះជាចំណុះ” ។ ព្រះរាជាជ្រាបហើយក៏ស្តាយ ធនញ្ជ័យ ពន់ពេក ។
3
និយាយពីលោកសង្ឃជ័យវិញគិតថា "អាត្មាអញនឹងទៅបិណ្ឌបាតនៅរាជវាំងម្តង តើព្រះអង្គនៅស្គាល់អាត្មាអញដែរឬទេ?”។ លោកជ័យគិតដូច្នោះហើយក៏ឃ្មុំចីវរ ស្ពាយបាត្រនិមន្តទៅរាជវាំងជាមួយនឹងលោកសង្ឃឯទៀត ។
លុះព្រះរាជាដាក់បាត្រ ព្រះសង្ឃមុនផុតហើយ លោកជ័យនៅក្រោយគេក៏និមន្តមកដល់ មហាក្សត្រទតឃើញ ធនញ្ជ័យ ក៏មានបន្ទូលថា “មើលទៅមុខលោកដូចជាមុខអាជ័យ” ។ ឯលោកជ័យទូល ថា "ជ័យហើយថាមិនជ័យ” ហើយក៏និមន្តហួសទៅ។ ស្ដេចមានព្រះតម្រិះយល់ឃើញ ថា ធនញ្ជ័យ មិនទាន់ស្លាប់ទេក៏បញ្ជាអាមាត្យទៅរក ធនញ្ជ័យ នៅឯវត្ត ។
អាមាត្យស្វែង រកធនញ្ជ័យ ជាច្រើនវត្តរហូតទៅដល់វត្តមួយក៏ឃើញ ធនញ្ជ័យ បួសជាព្រះសង្ឃ ក៏ចូល និមន្តលោកជ័យទៅជួបស្ដេចៗទតឃើញ ធនញ្ជ័យ ក៏ត្រេកអរហើយមានព្រះបន្ទូលសួរ ថា “តើលោកជ័យអន់ចិត្តនឹងខ្ញុំព្រះករុណាដែរឬទេ?”។
លោកជ័យថ្វាយព្រះពរថា ទេ ទើបទ្រង់បន្តទៀតថា "ត្បិតមានអាចារ្យមកពីស្រុកចិនគេមកចោទប្រស្នាយកនគរយើង នេះ តើព្រះតេជគុណគិតយ៉ាងណាដែរ?”។ លោកជ័យថ្វាយព្រះពរថា "អាត្មាដោះ ថ្វាយជូនបាន សូមព្រះអង្គទុកព្រះទ័យចុះ អាត្មាភាពនិងសឹកនៅថ្ងៃនេះ”។
លោកជ័យ និមន្តទៅវត្តហើយស្លៀកសំពត់អាវក្រវាត់ក្រមា ហើយត្រឡប់មកគាល់ស្ដេចៗទតឃើញ មានព្រះបន្ទូលថា “បណ្ឌិតជ័យមើលទៅស្អាតណាស់ សមជាបណ្ឌិតអ្នកប្រាជ្ញស្រុក ខ្មែរមែន បើដូច្នេះឯងឱ្យអាចារ្យចិនឡើងមកនៅថ្ងៃណា?”។ បណ្ឌិតជ័យក្រាបទូលថា "៣ថ្ងៃទៀត" ។
លុះដល់ថ្ងៃសន្មត អាចារ្យចិនក៏ឡើងមកចោទប្រស្នា ប៉ុន្តែពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញ ធនញ្ជ័យ នៅចំពោះមុខ ។
-អាចារ្យចិនជួប ធនញ្ជ័យ ក៏ធ្វើប្រស្នាចង្អុលទៅលើហើយចង្អុលចុះមកដី ។
-ធនញ្ជ័យ ចង្អុលទៅព្រះអាទិត្យ ហើយចង្អុលមកខ្លួនឯង ។
-អាចារ្យចិនសួរ ធនញ្ជ័យ ថា "កាលដែលយើងចង្អុលទៅលើហើយចង្អុលមកដី តើឯងយល់ឃើញដូចម្តេច?”
-ធនញ្ជ័យ ឆ្លើយថា "អ្នកឯងចង្អុលទៅលើ គឺចង់សួរខ្ញុំថា មានអ្វី?
ខ្ញុំចង្អុលទៅព្រះអាទិត្យចង់ប្រាប់ថា នៅលើមេឃមានព្រះអាទិត្យ និងព្រះចន្ទ។
4
ហើយអ្នកចង្អុលមកដីនោះ ព្រោះអ្នកចង់សួរខ្ញុំថា មានអ្វី?។ ខ្ញុំចង្អុលមកខ្លួនខ្ញុំមានន័យថា
នៅលើដីមានមនុស្ស?” ។ បន្ទាប់ពីពួកគេឆ្លើយប្រស្នាគ្នារួចហើយ អាចារ្យចិនលា ធនញ្ជ័យ
វិលទៅសំពៅវិញ ។
លុះព្រឹកឡើង អាចារ្យចិនមកជួប ធនញ្ជ័យ ម្ដងទៀត ។ អាចារ្យចិនធ្វើដៃជារង្វង់ ឯ ធនញ្ជ័យ ទើបត់ដុំដៃបង្ហាញ ។ អាចារ្យចិនលាម្រាមដៃទាំង៥បង្ហាញមក ធនញ្ជ័យៗ បង្ហាញម្រាមមួយ។ អាចារ្យចិនក៏លា ធនញ្ជ័យ ទៅសំពៅវិញ ឯ ធនញ្ជ័យ ក៏ទៅផ្ទះវិញ ដែរ ។ លោកគ្រូសង្គ្រាជឃើញ ធនញ្ជ័យ ដោះប្រស្នានឹងអាចារ្យចិនក៏និមន្តទៅជួប ធនញ្ជ័យ សួរអំពីប្រស្នាទាំងនេះ ។
ធនញ្ជ័យ ទូលថា “ចិនធ្វើដៃរង្វង់ ខ្ញុំថាជាអង្រុតរុតត្រី ទើបខ្ញុំបង្ហាញកែងដៃចង់បញ្ជាក់ថា បើអង្រុតត្រីដូច្នោះ តើរុតបានត្រីប៉ុន្មាន? ចិន បង្ហាញម្រាមដៃប្រាំ ថាបានត្រីមួយធ្វើងៀតបាន៥ចម្រៀក ខ្ញុំបង្ហាញចង្អុលដៃ១ ថាស៊ី មួយថ្ងៃមួយចម្រៀក។ លោកគ្រូសង្គ្រាជសណ្តាប់ហើយក៏វិលទៅកុដិវិញ ។
សម្តេច ចៅហ្វាយក៏ចង់ដឹងអំពីប្រស្នាចិននោះដែរ ។ ធនញ្ជ័យ ប្រាប់ថា “ចិនឱបដៃជារង្វង់ នោះ ថានឹងយកនគរយើង ។ ខ្ញុំបង្ហាញដុំដៃ ថាអញចង់វៃមួយកែង ។ ចិនបង្ហាញ ម្រាម៥ ថាមានគ្នាច្រើន ខ្ញុំបង្ហាញចង្អុលដៃមួយ ថាអញមានតែម្នាក់មិនខ្លាចទេ" លោកចៅហ្វាយឮដូច្នោះហើយក៏វិលទៅវិញ ។ ឯព្រះមហា ក្សត្រក៏ចង់ដឹងអំពីប្រស្នានេះដែរ ។
ធនញ្ជ័យ ទូលព្រះអង្គ ថា “ចិនឱបដៃសួរថា ក្នុងទ្វីបទាំង៥នេះមានអ្វីខ្លះ? ។ ទួល ព្រះបង្គំបត់ដុំដៃចង់ប្រាប់គេថា មានព្រះសិនេហកណ្តាល ទើបចិនបង្ហាញម្រាមទាំង៥ដណ្តឹងថា មានព្រះពុទ្ធ៥អង្គបាន ត្រាស់ក្នុងកប្បយើងនេះ ទើបទូលបង្គំបង្ហាញម្រាមដៃមួយ ប្រាប់ថា នៅមួយអង្គទៀតមិន ទាន់បានត្រាស់នៅឡើយ ប្រស្នា នេះគឺដូច្នេះឯង សូម ទ្រង់ជ្រាប" ។
លោកគ្រូសង្គ្រាជ និងសម្ដេចចៅហ្វាយទៅជួបនឹងព្រះមហាក្សត្រនិយាយតាម ដំណើរដែល ធនញ្ជ័យ ឆ្លើយប្រាប់នោះឃើញថា ចម្លើយខុសគ្នាទាំងអស់មិន ប្រាកដថា ជាប្រស្នាអ្វីឡើយ” ស្តេចនិងនាម៉ឺនរឹតតែខ្លាចប្រាជ្ញា ធនញ្ជ័យ ទ្វេឡើង ។
ធនញ្ជ័យ ទៅដល់ផ្ទះយកទឹកខ្មៅដាក់ក្ដារ៤ជ្រុងក្រោមក្រដាសសនិងគម្ពីរហើយយក ក្តាមជ្រលក់ទឹកខ្មៅឱ្យវារលើក្រដាស ។
ឯទឹកខ្មៅដែលជាប់នឹងជើងក្តាមបានដិតជាប់ និងក្រដាសសហើយយកក្រដាសទៅហាលថ្ងៃ។ លុះធ្វើដូច្នេះបានច្រើនហើយ ក៏យក គម្ពីរមករុំទុកទើបឱ្យកូនក្មេងមកអង្គុយជាច្រើន ហើយយកក្រដាសឱ្យក្មេងៗទន្ទេញ ផ្តេសផ្តាសឱ្យព្ទដូចគេរៀនអក្សរសាស្ត្រ ។
ដល់ព្រឹកឡើងអាចារ្យចិនចុះពីសំពៅមកផ្ទះ ធនញ្ជ័យ ប្រុងនឹងចោទប្រស្នាទៀត ។ ធនញ្ជ័យ ឃើញអាចារ្យមកដល់ហើយក៏ដើរ ទៅទទួលចាប់ដៃចូលមកអង្គុយលើកៅអី ហើយយកទឹកតែមកឱ្យអាចារ្យផឹក ។ ឯ ក្មេងៗទាំងនោះរៀនអក្សរព្ធកងរំពងស្តាប់ភាសាគ្នាមិនបាន ។ អាចារ្យចិនក៏ដើរមក មើលមិនស្គាល់ថា ជាអក្សរអ្វី ។
5
ធនញ្ជ័យ សួរអាចារ្យចិនថា "លោកអាចារ្យស្គាល់អក្សរនេះទេ?”។ អាចារ្យចិន ឆ្លើយថា ទេ!។ ទើប ធនញ្ជ័យ ប្រាប់ថា “នេះគេហៅថា មីងឆ្វេងជាអក្សរព្រាហ្មណ៍ ចាម បើមិនស្គាល់ឆ្លើយប្រស្នានឹងគ្នាមិនបានទេ អ្នកឯងចាញ់ខ្ញុំនិងអក្សរនេះហើយ” ។ អាចារ្យចិនក៏យល់ស្រប ។
ធនញ្ជ័យ ព្រមានអាចារ្យចិនថា "បើចាញ់ហើយ ខ្ញុំយកតែ របស់និងសំពៅទាំង៤ ឯសំពៅមួយទៀតខ្ញុំឱ្យជិះត្រឡប់ទៅស្រុកវិញ ។ ចំណែកនគរ ខ្ញុំថ្វាយស្ដេចក្រុងចិនវិញចុះ តែចាប់ពីថ្ងៃនេះតទៅ បើឮឈ្មោះ ធនញ្ជ័យ ត្រូវតែខ្លាច” ។ ធនញ្ជ័យ កាលបើបានរបស់អំពីសំពៅទាំងនោះហើយ ក៏ឱ្យគេជញ្ជូនរបស់ទៅថ្វាយ ស្តេចទាំងអស់មិនបានយកជារបស់ផ្ទាល់ខ្លួនឡើយ ។
ព្រះមហាក្សត្របានដំណឹងថា ធនញ្ជ័យ ឈ្នះប្រស្នាអាចារ្យចិនដូច្នោះហើយក៏ត្រេកអរ ពន់ពេក ហើយទ្រង់មានព្រះបន្ទូលនឹង ធនញ្ជ័យ ថា ឱ្យរើសស្រីក្នុងវាំងធ្វើជាប្រពន្ធ ។ ធនញ្ជ័យ ក្រាបទូលស្តេចថា “ទូលព្រះបង្គំមិនចង់បានប្រពន្ធនៅទីនេះទេ ឈ្មោះសុទ្ធ តែញី” ស្ដេចទ្រង់សណ្តាប់ហើយក៏មានព្រះបន្ទូលថា “ឯណាទៅឈ្មោះស្រីនោះ” ។
ទើប ធនញ្ជ័យ ទូលព្រះអង្គថា "ទូលបង្គំនឹងទៅរកស្រីនោះ តែសូមព្រះអង្គប្រទាន សំពត់ ហូល ព្រៃឱ្យច្រើននឹងទៅរកស្រីនោះឱ្យឃើញ”។ ស្ដេចទ្រង់សណ្តាប់ហើយ ក៏ព្រះរាជទានតាមសំណើ ធនញ្ជ័យ ។ លុះ ធនញ្ជ័យ ធ្វើដំណើរទៅដល់ភូមិមួយ ក៏ប្រទះនឹងនាង សួស្តី ។ ធនញ្ជ័យ សួរនាងថា "សុំទោសនៅទីនេះតើមានស្រីដែរ ឬទេ?”។
នាង សួស្តី ស្តាប់ហើយសួរវិញថា “ចុះស្រុកអ្នកឯងវិញមានប្រុសដែរឬទេ?” ធនញ្ជ័យ ស្តាប់ហើយគិតថា "នេះហើយជាស្រី” ។ ទើប ធនញ្ជ័យ ប្រាប់ថា ស្រុកខ្ញុំក៏មានប្រុសដែរ តើនាងដឹងដោយរបៀបណា?”។
នាងឆ្លើយថា “ខ្ញុំដឹង ព្រោះប្រុសនោះឈ្មោះ ជ័យច្រើនជាអ្នកធំ ជ័យឈ្នះអស់សត្រូវបានជាហៅថាប្រុស ចុះអ្នកវិញស្គាល់ស្រីដោយរបៀបណា?”។ ធនញ្ជ័យ ឆ្លើយថា “ខ្ញុំស្គាល់! ត្បិតស្រី នោះឈ្មោះ សួស្តី និងយកឈ្នះគ្មានគូប្រៀប” រួចពីនោះពួកគេក៏សាកសួរអំពីប្រវត្តិ គ្នាទៅវិញទៅមក ។
ឯ ធនញ្ជ័យ បានដឹងថានាង សួស្តី គ្មានប្តីដូច្នេះ ក៏ស្រាយសំពាយឱ្យម្តាយឪពុក នាង សួស្តី បានឃើញ ។ ម្តាយឪពុកនាង សួស្តី ឃើញហូល ព្រៃ ក៏ដើរមកមើល ហើយសួរថា “អ្នកកូនយកសំពត់នេះទៅណា?”។ ធនញ្ជ័យ ជម្រាបថា “ខ្ញុំមក រកប្រពន្ធ បើលោកទាំងពីរមេត្តាខ្ញុំ ខ្ញុំនឹងនៅបម្រើជាកូនក្នុងផ្ទះនេះ ខ្ញុំដងទឹក កាប់អុស បុកស្រូវ ខ្ញុំមិនខ្ជិលច្រអូសឡើយ ។
ឪពុកម្តាយ សួស្ដី និយាយគ្នាថា “អ្នកកំលោះនេះ ចង់បានកូនយើងហើយ មើលទៅឃើញថា គេជាកូនអ្នកមានពូជអម្បូរល្អណាស់” ។ ម្តាយឪពុក សួស្តី ក៏បញ្ជាក់ទៀតថា "តើឯងចង់បានកូនខ្ញុំមែនឬ?” ។ ទើប ធនញ្ជ័យ ជម្រាបថា “ក្នុងចិត្តខ្ញុំបាទចង់បាននាងណាស់” ។ ឯម្តាយឪពុកនាង សួស្តី ថា "យើងឱ្យឯងហើយ ចូរឯងទៅរកមេអណ្ដើកមក ។
ធនញ្ជ័យ ឮដូច្នោះហើយ ក៏ទៅរកអ្នកស្រុកភូមិធ្វើជាមេអណ្ដើកមកដណ្តឹងនាង សួស្តី មានក្មេងចាស់ជាច្រើនកាន់គ្រឿងបណ្ណាការឡើងទៅលើផ្ទះបំពាក់ចិញ្ចៀនកូន ក្រមុំ និងកំណត់ថ្ងៃរៀបការ ។ បន្ទាប់ពី ធនញ្ជ័យ បានរៀបការជាមួយនាង សួស្តី ហើយ ធនញ្ជ័យ ក៏ធ្វើជាលាប្រពន្ធ និងឪពុកម្តាយក្មេកទៅទារប្រាក់ដែលនាហ្មឺនជំពាក់ ។
6
ធនញ្ជ័យ ទៅដល់សាលាជួបជុំអស់នាហ្មឺនធំតូចនិយាយថា "អស់លោកហ៊ានភ្នាល់ នឹងខ្ញុំទេ ខ្ញុំអាចប្រើស្តេចបាន” ។ អស់នាហ្មឺនឆ្លើយថា "អើ ! បើឯងប្រើស្តេចបានមែន អញនឹងឱ្យប្រាក់ឯងចុះ” ។ ពួកនាហ្មឺនក៏យករឿងនេះទៅទូលស្តេច ។ ឯព្រះមហាក្សត្រ ខ្ញាល់នឹង ធនញ្ជ័យ មាកងាយនេះណាស់ ក៏ហៅ ធនញ្ជ័យ មកមានព្រះបន្ទូលសួរថា "អាជ័យ ! ឯងនិយាយថាប្រើអញមែនទេ?”។
ធនញ្ជ័យ ទូលថា "ព្រះករុណា វិសេសប្រើមិនទាន់បានទេ លុះត្រាតែព្រះអង្គបែរព្រះភ័ក្ត្រទៅក្រោយសិន ក្រាបទូល” ស្ដេចទ្រង់សណ្តាប់ហើយក៏បែរព្រះភ័ក្ត្រទៅក្រោយមែន ។ ធនញ្ជ័យ ទូលព្រះអង្គថា “នេះហើយហៅថាប្រើ សូមទ្រង់ជ្រាប”។ ស្ដេចសណ្តាប់ហើយក៏មានព្រះទ័យខ្ញាល់នឹង ធនញ្ជ័យ ណាស់ ។
ឯ ធនញ្ជ័យ ក៏ទៅទារប្រាក់ពីនាហ្មឺនទាំងអស់នោះយកទៅឱ្យ ប្រពន្ធ ។ អស់នាម៉ឺនខឹងនឹង ធនញ្ជ័យ ពេក ក៏ញុះញង់ស្ដេចបណ្តេញ ធនញ្ជ័យ ឱ្យចុះសំពៅទៅស្រុកចិនត្បិតស្រុកនោះធំ ហើយពួកគេស្អប់វាណាស់ គេនឹងសម្លាប់ វាចោល ។
ព្រះមហាក្សត្រស្តាប់ហើយក៏ហៅ ធនញ្ជ័យ មកប្រាប់ថា “អាជ័យ! យើង ឱ្យឯងទៅនៅស្រុកចិន ត្បិតស្រុកនោះធំណាស់ ឯងនៅស្រុកខ្មែរទៀតមិនបានទេ” ។ ធនញ្ជ័យ ក៏ទៅនៅស្រុកចិនតាមព្រះបន្ទូលស្ដេច ។
កាល ធនញ្ជ័យ ជិះសំពៅទៅដល់ស្រុកចិនហើយ ក៏ផ្តាំអស់អ្នកសំពៅដែលវិលមក ស្រុកខ្មែរវិញថា "សូមផ្តាំទៅប្រពន្ធខ្ញុំផង ខ្ញុំនិងវិលទៅវិញបន្ទាប់ពី៧ខែក្រោយ”។ នៅស្រុក ចិន ធនញ្ជ័យ បានទៅធ្វើការស៊ីឈ្នួលឱ្យនាហ្មឺនធំម្នាក់ ។
លុះ ធនញ្ជ័យ សន្សំបានប្រាក់ច្រើនហើយ ក៏ទិញអង្កររួចធ្វើនំបញ្ចុកលក់ឱ្យពួក ចិនហូប ។ កាលនោះស្រុកចិនមិនទាន់ចេះធ្វើនំនេះទេ ដល់ឃើញ ធនញ្ជ័យ ធ្វើដូច្នោះ ក៏បបួលគ្នាមកទិញនំពិសា ។ បន្ទាប់មកពួកគេនិយាយគ្នាថា អ្នកនេះធ្វើនំឆ្ងាញ់ណាស់ ការលក់នំឆ្ងាញ់បែបនេះ ក៏និយាយតៗគ្នាបានល្បីទៅដល់ស្តេចក្រុងចិន ។
ទ្រង់ក៏ឱ្យ សេនាហៅ ធនញ្ជ័យ មកមានព្រះបន្ទូលថា "និឯងអីក៏វែងៗម៉្លេះ? មានឈ្មោះថានំអី ទៅ?" ។ ធនញ្ជ័យ ទូលតបថា “នេះគេហៅថានំបញ្ចុក បើទ្រង់ចង់សោយ ទាល់តែ ងើយឡើងលើ ហាមាត់ឱ្យធំ លើកដៃឱ្យខ្ពស់ទើបឆ្ងាញ់ពិសា” ។
7
ស្ដេចចិនឮដូច្នោះ ក៏យកនំនោះមកសោយ ហើយងើយដូចពាក្យ ធនញ្ជ័យ ទូលប្រាប់ ។ ធនញ្ជ័យ ឃើញ ដូច្នេះក៏សើចចំអកឱ្យស្ដេចថា "មើលមុខស្ដេចចិនមុខខ្មៅអែ មើលមុខស្តេចខ្មែរ ដូចខែពេញបូណ៌មី”។
ស្ដេចក្រុងចិនឮ ធនញ្ជ័យ ដៀលដូច្នោះ ទ្រង់ក៏ព្រះក្រោធយ៉ាង ខ្លាំង ហើយត្រាស់ឱ្យអស់អាមាត្យចាប់ ធនញ្ជ័យ ដាក់គុកសំរឹទ្ធិ ។ ក្នុងគុកនោះត្រជាក់ ណាស់ បើមនុស្សណាចូលទៅហើយកម្រនឹងរស់ឡើយ ។
ធនញ្ជ័យ រស់នៅក្នុងគុកជាមួយជនជាតិចិនម្នាក់ ។ ធនញ្ជ័យ រងាខ្លាំងពេកក៏បបួល ចិនបោកចំបាប់ឱ្យក្តៅសាច់បែកញើសនឹងបានស្រួលខ្លួន។ លុះបានពីរ-បីថ្ងៃ អស់នាម៉ឺនទៅ មើលឃើញអ្នកទោសមិនទាន់ស្លាប់ក៏ហីទៅ ។ ធនញ្ជ័យ ក៏ធ្វើខ្លែងឯកបង្ហោះរាល់យប់ ។
ស្ដេចឮសូរសំឡេងប្លែកក៏ឆ្ងល់ក្នុងព្រះទ័យថា “សត្វនេះយំតែពេលយប់ មិនដែលឮពេល ថ្ងៃទាល់តែសោះ ទើបហៅហោរមកគន់គូរ តើសំឡេងនេះជាសំឡេងសត្វអ្វី?”។
ហោរ ទូលព្រះអង្គថា “បានជាសត្វនេះយំដូច្នោះ ត្បិតកើតហេតុក្នុងនគរ បើរកឧត្បាតនេះមិន ឃើញទេ សត្វនោះនឹងស៊ីមនុស្សក្នុងព្រះនគរនេះមិនខានឡើយ” ។ ស្តេចព្រះសណ្តាប់ ហើយមានព្រះបន្ទូលថា “បើដូច្នោះ តើឧត្បាតព្រោះអ្វី” ។
ទើបហោរទូលថា “ទូលព្រះ បង្គំឃើញថា មានគេយកអ្នកប្រាជ្ញស្រុកខ្មែរមកប្រោសចោលក្នុងស្រុកយើង ឥឡូវនេះគេនៅក្នុងគុកសំរិទ្ធិឯណោះ មានតែឱ្យគេទៅស្រុកវិញទេ ទើបល្អ”។
ឯព្រះមហាក្សត្រក្រុងចិនក៏បញ្ជូន ធនញ្ជ័យ ទៅស្រុកខ្មែរវិញ” ។ ព្រះមហាក្សត្រ ខ្មែរឮថា ធនញ្ជ័យ វិលមកវិញក៏ខ្លាចប្រាជ្ញា ធនញ្ជ័យ មិនហ៊ានធ្វើសេចក្តីឱ្យទាស់ចិត្តឡើយ។
លុះក្រោយមក ធនញ្ជ័យ ក៏មានជំងឺជាទម្ងន់ ដោយអស់សង្ឃឹមក្នុងការព្យាបាល ធនញ្ជ័យ ក៏បានផ្តាំប្រពន្ធថា “ពេលបងស្លាប់ទៅ សូមយកបងទៅកប់ ហើយដោតចំរូងស្រួចៗនៅ លើផ្នូរបងកុំខាន ហើយទៅទូលហ្លួងផង ថាបងឈឺជិតស្លាប់ហើយ” ។
ឯនាង សួស្តី ក៏ទៅ ទូលហ្លួងតាមបណ្តាំ ធនញ្ជ័យ។ ស្ដេចដឹងដូច្នេះហើយក៏យាងទៅសួរសុខទុក្ខ មិនញ្ជ័យ។ ធនញ្ជ័យទូលព្រះអង្គថា “បើសោយត្រីព្រួលកុំចោលស្រកា បើសោយត្រីប្រាកុំចោលស្រកី បើស្លក្បាលត្រីប្រានឹងម្ជូរសណ្តាន់” ។
កាលបើ ធនញ្ជ័យ ស្លាប់ទៅហើយ គេក៏យកខ្មោច ធនញ្ជ័យ ទៅកប់ហើយធ្វើចំរូងដោតលើផ្នូរនោះតាមបណ្តាំរបស់គេ ។ អស់មនុស្សក្នុងរាជ វាំងដែលស្អប់ ធនញ្ជ័យ ក៏ប្រើមនុស្សឱ្យទៅជុះអាចម៍ដាក់ផ្នូរ ធនញ្ជ័យ ។
នៅពេលពួកគេ ដាក់គូទជុះក៏ស្រាប់តែមានចំរូងមុតគូទពួកគេ ហើយក៏រៀងមិនហ៊ានមកទីនេះទៀតឡើយ ។ ពួកគេនិយាយគ្នាថា "ពិតជាអ្នកប្រាជ្ញមានបញ្ហាមែន គាត់ស្លាប់បាត់ទៅហើយ គ្រាន់តែជុះ អាចម៍ដាក់លើផ្នូរគាត់ផងក៏មិនបានដែរ ។ចប់
0 Comments:
Post a Comment